តើអ្វីទៅជាគម្រោងមួយ?
បើតាមវិទ្យាស្ថានគ្រប់គ្រងគម្រោង PMI គេកំណត់និយមន័យគម្រោងមួយថាគឺជា កិច្ចខិតខំប្រឹងប្រឹងបណ្តោះអាសន្នមួយដែលបានធ្វើដើម្បីបង្កើតឡើងនូវផលិតផល សេវាកម្ម ឬជាលទ្ធផលដែលមានលក្ខណៈពិសេសមួយ។
វិទ្យាស្ថានគ្រប់គ្រងគម្រោង PMI លើកបញ្ជាក់ថា គម្រោងមួយគឺជា រឿង”បណ្តោះអាសន្ន” ពីព្រោះវាត្រូវតែមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ដែលបានកំណត់ ហើយក៏មានវិសាលភាព និងធនធានដែលបានកំណត់មួយដែរ។
វាក៏ត្រួវបានបញ្ជាក់ផងដែរថាគម្រោងមួយគឺ “ឯកលក្ខណៈភាព” នៅក្នុងន័យថាវាមិនមែនជាប្រតិបត្តិការធម្មតាទេ ប៉ុន្តែជំនួសឱ្យសំណុំនៃដំណើរការ ដែលមានសកម្មភាព និងភារកិច្ចដែលត្រូវបានបង្កើតឡើងជាពិសេស ដើម្បីសម្រេចបាននូវគោលដៅរបស់គម្រោងនោះ។
គម្រោងអាចជាអ្វីមួយ ពីការបង្កើតអោយមានទំព័រវែបសាយមួយសម្រាប់អាជីវកម្មរបស់អ្នកដើម្បីពង្រីកយុទ្ធនាការទីផ្សារថ្មីមួយ ឬក៏បើកអោយដំណើរការនូវផលិតផល ឬសេវាកម្មថ្មីមួយ។ អ្នកតែងតែចាប់ផ្តើមគម្រោងមួយសម្រាប់គោលបំណងជាក់លាក់មួយ និងតាមសំណើរបស់នរណាម្នាក់ ដែលអាចកើតមាននៅខាងក្នុង (បុគ្គលឬអង្គភាព/នាយកដ្ឋាន ក្រុមហ៊ុនរបស់អ្នក) ឬតម្រូវការពីខាងក្រៅ (ម៉ូយទំនិញចុងក្រោយ ឬជាអតិថិជនមួយ) ។
តើអ្វីជាប្រធានគម្រោង?
អ្នកគ្រប់គ្រង ឬប្រធានគម្រោងគឺជាអ្នកទទួលខុសត្រូវចំពោះការគ្រប់គ្រងគម្រោងឲ្យទទួលបានសម្រេចជោគជ័យចាប់តាំងពីការចាប់ផ្តើមរហូតដល់ការបញ្ចប់។ អ្នកគ្រប់គ្រងគម្រោងត្រូវមានតួនាទីឈានមុខគេនៅក្នុងគម្រោង ហើយក៏គឺជាអ្នកចុងក្រោយដែលទទួលបន្ទុកធ្វើការសម្រេចចិត្តដែលនឹងហុចផលប៉ះពាល់ដល់គម្រោង។ ក្នុងនាមជាអ្នកគ្រប់គ្រងគម្រោង អ្នកនឹងប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងការគ្រប់គ្រងគម្រោងដូចជា ការទំនាក់ទំនងជាមួយក្រុមការងារគម្រោង និងភាគីពាក់ព័ន្ធនានា ឬការដោះស្រាយឧបសគ្គដែលមិនរំពឹងទុក និងហានិភ័យរបស់គម្រោង។
តើអ្វីជាការគ្រប់គ្រងគម្រោង?
វិទ្យាស្ថានគ្រប់គ្រងគម្រោង PMI បានកំណត់ការគ្រប់គ្រងគម្រោងថាជា “ការអនុវត្តន៍ចំណេះដឹង ជំនាញ ឧបករណ៍ និងបច្ចេកទេស លើសកម្មភាពគម្រោងនានាដើម្បីបំពេញតាមតម្រូវការរបស់គម្រោង” ។ តម្រូវការរបស់គម្រោងគឺជា លក្ខខណ្ឌ សកម្មភាព និងលទ្ធភាពនៃការផ្គត់ផ្គង់ ដែលត្រូវបំពេញសម្រាប់គម្រោងមួយដែលមានគុណភាព តម្លៃ និងពេលវេលាជាក់លាក់មួយ។
នៅពេលកំពុងគ្រប់គ្រងគម្រោង គោលដៅចុងក្រោយរបស់អ្នក គឺដើម្បីបំពេញនូវវិសាលភាពដែលបានកំណត់ (ការងារដែលត្រូវបំពេញទៅតាមតម្រូវការគុណភាព) នៅក្នុងរង្វង់ថវិកា និងពេលវេលាដែលបានព្រមព្រៀង។ វិសាលភាព ថ្លៃចំណាយ និងពេលវេលាបង្កើតចេញនូវគោលគំនិតមួយដែលត្រូវបានគេហៅថាជា “ឧបសគ្គត្រីគុណ” ឬ “ត្រីកោណដែក” ។ មូលដ្ឋានគ្រឹះនៃឧបសគ្គត្រីគុណគឺថា ប្រសិនបើវិសាលភាព រយៈពេល (ពេលវេលា) ឬតម្លៃ (ធនធាន) នៃគម្រោងមានការផ្លាស់ប្តូរយ៉ាងហោចណាស់មួយ បើទោះជាមិនអាចផ្លាស់ប្តូរទាំងពីរក៏ដោយ ក៏ធាតុផ្សេងទៀតនឹងផ្លាស់ប្តូរផងដែរ។
ជាឧទាហរណ៍ ប្រសិនបើវិសាលភាពនៃការងាររបស់គម្រោងរបស់អ្នកកើនឡើងនោះ អ្នកនឹងត្រូវបង្កើនធនធាន និងប្រហែលជាបង្កើនរយៈពេលនៃការអនុវត្តន៍គម្រោង។ ប្រសិនបើធនធានរបស់គម្រោងរបស់អ្នកថយចុះនោះអ្នកនឹងត្រូវបន្ថយទំហំការងារ និង/ឬបង្កើនពេលវេលាដើម្បីបញ្ចប់គម្រោង។ នេះជាការសំខាន់ណាស់ពីព្រោះការផ្លាស់ប្តូរនៅក្នុងគម្រោង ក្នុងបរិបទនៃ វិសាលភាពការងារ ថ្លៃចំណាយ ឬពេលវេលាគឺមិនអាចជៀសផុតបានទេ ដូច្នេះអ្នកនឹងត្រូវធ្វើការសម្រេចចិត្តអំពីទិសដៅដែលត្រូវអនុវត្តនៅពេលការផ្លាស់ប្តូរនៃធាតុទាំងបីណាមួយកើតមានឡើង។
តើអ្វីខ្លះជាតំណាក់កាលនៃការគ្រប់គ្រង?
ការគ្រប់គ្រងគម្រោងអាចបែងចែកជា៥ដំណាក់កាល៖
- ការផ្តួចផ្តើមរបស់គម្រោង: ពាក់ព័ន្ធនឹងការបង្កើតគំនិតកម្រិតខ្ពស់នៃគម្រោងនិងការវាយតម្លៃលទ្ធភាពរបស់វា។
- ការរៀបចំផែនការគម្រោង: ពាក់ព័ន្ធនឹងការធ្វើផែនការលម្អិតសម្រាប់ទិដ្ឋភាពនីមួយៗនៃគម្រោង។
- ប្រតិបត្តិការគម្រោង: ពាក់ព័ន្ធនឹងរាល់ដំណើរការទាំងអស់ដែលទាក់ទងទៅនឹងការអនុវត្តន៍ ភារកិច្ច និងការអភិវឌ្ឍន៍ និងការដាក់ស្នើលទ្ធភាពនៃការផ្តល់ជូន/ផ្គត់ផ្គង់ដើម្បីសម្រេចបានដល់គោលបំណងដែលបានបង្កើតឡើងនៅក្នុងផែនការគម្រោង។
- ការត្រួតពិនិត្យ និងតាមដានគម្រោង: ធានាថាកិច្ចការត្រូវបានបញ្ចប់ក្នុងរយៈពេលដែលបានប៉ាន់ស្មាន និងតម្លៃប៉ាន់ប្រមាណហើយការផ្តល់ជូន/ផ្គត់ផ្គង់នីមួយៗ មានគុណភាពដែលកំណត់ក្នុងវិសាលភាពនៃគម្រោង។
- ការបិទគម្រោង: រួមបញ្ចូលទាំងការបញ្ចប់ចុងក្រោយ និងបិទគម្រោង។
ទីណាដែលខ្ញុំអាចរៀនសូត្របន្ថែមទៀតអំពីការគ្រប់គ្រងគម្រោង?
មានស្ថាប័នផ្តល់វិញ្ញាបនប័ត្រគ្រប់គ្រងគម្រោងសំខាន់ៗចំនួនពីរ ដែលផ្តល់ជូននូវវិញ្ញាបនប័ត្រគ្រប់គ្រងគម្រោងដែលមានការទទួលស្គាល់ទូទាំងពិភពលោកសម្រាប់អ្នកគ្រប់ គ្រងគម្រោង: PMI សហការណ៍ជាមួយ PMBOK (អង្គគ្រប់គ្រងគម្រោងនៃចំណេះដឹង) និង PRINCE2 (គំរោងនៅក្នុងបរិយាកាសត្រួតពិនិត្យ) ដែលត្រូវបានបង្កើតឡើងដំបូងដោយរដ្ឋា ភិបាលអង់គ្លេស។ PMBOK គឺជាសៀវភៅដែលរៀបរាប់លម្អិតអំពីអ្វីដែលអ្នកគ្រប់គ្រងគម្រោងត្រូវការដើម្បីដឹងពីការគ្រប់គ្រងគម្រោងហើយវាផ្តល់នូវបច្ចេកទេសដើម្បីគ្រប់គ្រងគម្រោងដោយផ្អែកលើការអនុវត្តន៍ល្អបំផុត។ PRINCE2 គឺជាវិធីសាស្រ្តគ្រប់គ្រងគម្រោង និងកម្មវិធីដែលប្រើវិធីសាស្ត្រជាក់លាក់ដើម្បីគ្រប់គ្រងគម្រោង។ PMBOK និង PRINCE2 មិនមែនជាវិធីសាស្ត្រពីរដែលមិនរាប់បញ្ចូលគ្នាទេ ប៉ុន្តែវាជាការបំពេញបន្ថែមមួយ។ អ្នកប្រហែលជាចង់រួមបញ្ចូលគ្នានូវអ្វីដែលល្អបំផុតរបស់ពួកគេ និង / ឬប្រើវិធីសាស្រ្តផ្សេងទៀតដែលមានភាពជាក់លាក់ទៅនឹងវិស័យឬឧស្សាហកម្មរបស់អ្នក។
សន្ទានុក្រមនៃការគ្រប់គ្រងគម្រោង
សកម្មភាព: ជាបណ្តុំភារកិច្ច ឬសំណុំនៃកិច្ចការដែលបង្កើតនូវការផ្តល់ចំណាត់ការមួយលើគម្រោង។ សកម្មភាពគម្រោងណាមួយគួរតែមានកាលបរិច្ឆេទនៃការចាប់ផ្តើម និងពេលបញ្ចប់។ ថវិកា: បានអនុម័តការប៉ាន់ប្រមាណនៃការចំណាយនៃគម្រោង ដែលជាធម្មតាត្រូវបានតំណាងជាបញ្ជីនៃការចំណាយដែលបានរំពឹងទុកសម្រាប់ធាតុនីមួយៗដែលអនុវត្តការចំណាយមួយ។ គំរូថវិកាគម្រោងសាមញ្ញអាចទាញយកបាននៅទីនេះ។ ពង្រាងទស្សនៈ ការពិពណ៌នាសង្ខេបពីគោលគំនិតនៃគម្រោង និងគោលបំណងដែលនឹងត្រូវបានបន្តរួមទាំងហានិភ័យសក្តានុពល ថវិកាប៉ាន់ប្រមាណ និងពេលវេលាកំណត់ដែលបានប៉ាន់ប្រមាណ។ លទ្ធភាពនៃការផ្តល់ជូន/ផ្គត់ផ្គង់: ផលិតផល (ឧទាហរណ៍ៈ របាយការណ៏ ឯកសារ។ ល។ ) ឬសេវាកម្មដែលត្រូវបានផលិតជាលទ្ធផលនៃសកម្មភាព ឬគម្រោងដោយខ្លួនឯងហើយដែលត្រូវការដោះស្រាយទៅតាមកាលបរិច្ឆេទដែលបានព្រមព្រៀងជាក់លាក់។ គម្រោងអាចមានលទ្ធភាពនៃការផ្តល់ជូន/ផ្គត់ផ្គង់ កម្រិតមធ្យម និងចុងក្រោយជាច្រើន។ គំនូសតាង Gantt Chart: ឧបករណ៍គ្រប់គ្រងគម្រោងដែលត្រូវបានប្រើដើម្បីតាមដានភារកិច្ចផ្សេងៗដែលជាប់ពាក់ព័ន្ធនៅក្នុងគម្រោងមួយក្នុងកំឡុងពេលដែលបានកំណត់ជាទម្រង់គំនូសតាងរបារ។ គំរូតារាង Gantt សាមញ្ញអាចទាញយកបាននៅទីនេះ គំនូសតាង PERT Chart (Program Evaluation Review Technique) (បច្ចេកទេសពិនិត្យ វាយតម្លៃកម្មវិធី ឬហៅថាគំនូសតាងតក្កភាព): ឧបករណ៍គ្រប់គ្រងគម្រោងដែលត្រូវបានប្រើដើម្បីបង្ហាញពីរបៀបដែលភារកិច្ចផ្សេងៗគ្នាត្រូវបានរៀបចំ និងតំរែតំរង់នៅក្នុងគម្រោងមួយ។ ដំណើរការ: វាគឺជាលំដាប់នៃការងារភារកិច្ចច្រំដែល ឬសកម្មភាពចាំបាច់ដើម្បីបំពេញគោលបំណងជាក់លាក់មួយ។ សេចក្តីថ្លែងការណ៍ពីគោលបំណងគម្រោង: សេចក្តីថ្លែងការណ៍សរសេរអំពីអ្វីដែលអ្នកចង់សម្រេចបានជាមួយគម្រោង និងមូលហេតុដែលនាំអោយសម្រេចបាន។ ផែនការគម្រោង: ឯកសារដែលពិពណ៌នាអំពីសេចក្ដីលម្អិតសំខាន់ៗនៃគម្រោងរួមមានៈ វិសាលភាព គោលដៅ គោលបំណង ថវិកា លទ្ធភាពដែលអាចផ្តល់ជូន/ផ្គត់ផ្គង់បាន និងកម្ហិតពេលវេលា។ ការធានាគុណភាព: គឺជាដំណើរការដែលផ្តោតលើការបង្ការមិនត្រឹមត្រូវនៅក្នុងដំណើរការដែលត្រូវបានប្រើដើម្បីផលិតនូវផលិតផលអ្វីមួយ។ ការត្រួតពិនិត្យគុណភាព: គឺជាដំណើរការមួយដែលផ្តោតលើការកំណត់អត្តសញ្ញាណ និងការកែតម្រូវនៅក្នុងផលិតផលសម្រេចចុងក្រោយ។ វិសាលភាពគម្លាត: សំដៅលើការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងវិសាលភាពនៃគម្រោងក្នុងរយៈពេលមួយ (នៅពេលគម្រោង និងការអនុវត្តមានការអភិវឌ្ឍន៍) ។ ធនធាន: ធាតុចូលណាមួយដែលត្រូវការដើម្បីបំពេញបញ្ចប់គម្រោងណាមួយដូចជាមនុស្ស និងថវិកា ជាដើម។ ហានិភ័យ: ព្រឹត្តិការណ៏ខាងក្នុង ឬខាងក្រៅ ដែលអាចមានសក្តានុពលដល់ផលប៉ះពាល់អវិជ្ជមានលើគម្រោង ប្រសិនបើវាកើតឡើង។ ការកំណត់កាលវិភាគ: ដំណើរការនៃការចាត់ចែងផ្តល់ធនធានតម្រូវទៅនឹងភារកិច្ច និងពីភារកិច្ចទៅតាមកាលវិភាគ។ វាជាប់ពាក់ព័ន្ធនឹងសកម្មភាពជាបន្តបន្ទាប់ ការចាត់ចែង ផ្តល់ធនធានសម្រាប់អនុវត្តសកម្មភាព ការប៉ាន់ស្មានកិច្ចខិតខំប្រឹងប្រែងដែលត្រូវការ និងពេលវេលាចាំបាច់នៃសកម្មភាពនីមួយៗដែលត្រូវបំពេញ។ វិសាលភាព : វាគឺជាទំហំការងារដែលត្រូវបំពេញ (តម្រូវការ និងលទ្ធភាពនៃការផ្តល់ជូន) ក្នុងគម្រោងមួយ ដើម្បីសម្រេចបាននូវគោលដៅរបស់គម្រោង។ វាបង្កប់ន័យពីកិច្ចអនុវត្តដំណើរការ សកម្មភាពនានា និងភារកិច្ចខុសៗគ្នា។ អ្នកពាក់ព័ន្ធ/ម្ចាស់ភាគហ៊ុន: ជាមនុស្ស ឬអង្គការណាមួយអាចពីខាងក្នុង ឬខាងក្រៅដែលមានចំណាប់អារម្មណ៍លើគម្រោង ឬអ្នកដែលអាចប៉ះពាល់ ឬរងផលប៉ះពាល់ពីគម្រោង។ សេចក្តីថ្លែងការណ៍នៃការងារ: ជាឯកសារមួយដែលពិពណ៌នាអំពីការងារទាំងអស់ដែលត្រូវបានគេរំពឹងថានឹងត្រូវបានផលិតដោយគម្រោង (ផលិតផល សេវាកម្ម លទ្ធភាពនៃការផ្តល់/ផ្គត់ផ្គង់ និងលទ្ធផលនានា) ។ ភារកិច្ច: សំណុំរងនៃសកម្មភាពផ្សេងៗ។ រចនាសម្ព័ន្ធវិភាគលម្អិតការងារ (WBS) : ជាឧបករណ៍គ្រប់គ្រងគម្រោងមួយ ដែលបំបែកគម្រោងនេះទៅជាផ្នែកតូចៗ ឬសមាសភាគការងារទៅតាមការបែងចែកឋានានុក្រមនៃការងារដែលត្រូវបំពេញ ដើម្បីសម្រេចបាននូវគោលដៅចុងក្រោយរបស់គម្រោង។ ដំណើរការនេះកើតមានឡើងរហូតទាល់តែសកម្មភាពផ្សេងៗមិនអាចត្រូវបំបែកបន្ថែមទៀត ឬរហូតដល់វាមិនទំនងចាំបាច់ក្នុងការបំបែកវាបន្ថែមទៀត។ |
វិទ្យាស្ថានគ្រប់គ្រងគម្រោងគឺជាសមាគមសមាជិកជំនាញវិជ្ជាជីវៈមិនរកប្រាក់កម្រៃឈានមុខគេសម្រាប់វិជ្ជាជីវៈគ្រប់គ្រងគម្រោង។