គំរូកិច្ច​សន្យា​ការងារ

កិច្ចសន្យា​ការងារ ជា​ទំរង់​ឯក​សារ​ផ្លូវ​ច្បាប់​និង​ផ្លូវ​ការមួយនៅ​ក្នុង​ក្រុមហ៊ុន​ឬ​អង្គភាព​សំរាប់​បញ្ជាក់​ថា បុគ្គលិកនីមួយៗ​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ធ្វើការ​ដោយ​ផ្អែក​លើ​កិច្ច​សន្យាច្បាស់​លាស់​ដោយ​ភាគី​ទាំង​និយោជក ​និង​និយោជិកលើ​លក្ខខ័ណ្ឌដែល​បាន​ចែងក្នុង​កិច្ច​សន្យា​ការងារ។​ ខ្លឹម​សារ​ក្នុង​កិច្ច​សន្យា​ការងារ​អាច​មាន​ភាពខុស​គ្នា​ច្រើន​ឬ​តិច​អាស្រ័យតាម​ការនិពន្ធ​របស់​ប្រធាន​គ្រប់គ្រង​ធនធាន​មនុស្ស។ ខាងក្រោម​នេះ ខ្លឹម​សារ​គំរូមួយសំរាប់​ដាក់់​បញ្ចូលក្នុង​កិច្ចសន្យា​ការងាររបស់​លោក​-អ្នក។

័ត៌មាន​ចាំចាច់​ក្នុងលិខិតនេះ

  1. វិសាលភាព​ការងារ៖ រៀបរាប់អំពីវិសាល​ភាព​នៃការផ្លាស់​ប្តូរដែល​ពាក់​ព័ន្ធ​នឹង​មុខតំ​ណែងនេះ ដែល​កើតឡើងនាពេលខាងមុខ។
  2. លក្ខ​ខ័ណ្ឌ​៖ សូម​បញ្ជាក់​ពី​ប្រ​ភេទ​នៃ​កិច្ច​សន្យា​ថា​ នេះ​កិច្ច​សន្យាការងារ​ឥតរយៈពេល​កំណត់ ឬកិច្ច​សន្យាការងារ​មានរយៈពេល​កំណត់។ សំរាប់ការយល់​ដឹង​បន្ថែម សូម​អាន គំរូបទបញ្ជាផ្ទៃ​ក្នុង មាត្រាលេខ៤។
  3. ម៉ោង​ធ្វើការ​៖ សូម​បញ្ជាក់ពី​ចំនួន​ម៉ោងធ្វើ​ការ​ និង​ចំនួន​ថ្ងៃ​ធ្វើការ​។ ប្រសិន​បើ​ ម៉ោង​ធ្វើការងារ​មាន​ការ​ផ្លាស់ញឹកញាប់​ សូម​បញ្ជាក់​អោយ​បាន​ច្បាស់។
  4. ប្រាក់ខែ៖ ជាទូទៅ និយោជកត្រូវ​បញ្ជាក់​ថា​ ប្រាក់ខែនោះជា​ប្រាក់​ខែ​ដែល​បាន​រួម​បញ្ចូលទាំង​ពន្ធ​ប្រាក់ខែហើយ។ ប្រសិន​បើពុំ​បាន​រួម​បញ្ចូលពន្ធ​ប្រាក់​ខែទេ សូម​បញ្ជាក់ផង។ ចំណែក​ឯ​ ក្នុង​កំឡុង​ពេល​សាកល្បង​ចំនួន​៣ខែ ជាទូទៅក្រុម​ហ៊ុន​ផ្តល់ជូន ៩០%​ នៃ​ប្រាក់ខែសរុប ឬ​អាចជា​ចំនួន​ណា​មួយ​ដែល​បាន​ព្រម​ព្រៀងគ្នាមុន។
  5. វីន័យ៖ ប្រ​សិន​បើ​លោក-អ្នក មាន​បទបញ្ជាផ្ទៃ​ក្នុងដែល​បាន​និយាយ​ពី​វិន័យ​និង​ច្បាប់​ទម្លាប់​ការងាររួចហើយ លោក-អ្នកគ្រាន់​តែ​យោងលើ​លិខិត​ទាំង​នោះទៅ ជាការ​ស្រេច។ តែ​ប្រសិន​បើ​គ្មាន លោក-អ្នក​​ បញ្ជាក់​បាន​នៅចំណុច​សំខាន់​ៗ​មួយ​ចំនួននៅ​ទី​នេះ។
  6. ចំនួន​ប្រភេទ​ថ្ងៃ​ឈប់​សំរាក​ប្រចាំឆ្នាំ ជាចំនួន​ឈប់​សំរាក​បន្ថែម​ពីលើបុណ្យជាតិ​នានារបស់​ប្រទេសកម្ពុជា។ សំរាប់ចំនួន​ប្រភេទ​នៃ​ថ្ងៃ​ឈប់​សំរាកប្រចាំ​ឆ្នាំ មាន​ដូច​ជា (១) ថ្ងៃសំរាក​សំរាលមាតុភាពប្រចាំចំនួន ៣ខែ (២)​ សំរាកព្យាបាលជម្ងឺ ៧ថ្ងៃ (៣) សំរាកក្នុងកម្ម​វិធី​បុណ្យសពឬអាពាហ៍ពិពាហ៍ ៧ថ្ងៃ ។ល។ គួរ​ដាក់​នៅ​ក្នុង​បទ​បញ្ជាផ្ទៃក្នុងនិង​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​ហ៊ុន។
  7. ថ្ងៃ​ឈប់​សំរាក​បុណ្យ​ជាតិ៖ ត្រង់​ចំណុច​នេះ លោក​-អ្នកគួរគូស​បញ្ជាក់​អំពី​ប្រភេទថ្ងៃសំរាកបុណ្យណាខ្លះ ដែល​ក្រុម​ហ៊ុន​របស់​អ្នក​អនុញ្ញាតិ​អោយឈប់សំរាក ឬត្រូវ​ឆ្លាស់វេនគ្នា​សំរាក ឬ​ត្រូវ​ធ្វើ​ការ​ដោយ​មាន​គិត​ប្រាក់​បន្ថែម។ តាម​ច្បាប់ការងារ​ និយោជិកទាំង​អស់​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ឈប់​សំរាកនៅ​ថ្ងៃ​បុណ្យជាតិ​នានា​ដែល​កំណត់​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា។
  8. ការបញ្ចប់កិច្ច​សន្យាការងារ៖ សូម​បញ្ជាក់​ពី​លក្ខខ័ណ្ឌរបស់​ក្រុម​ហ៊ុន​អ្នកក្នុង​ការ​បញ្ចប់​កិច្ច​សន្យា។ សូមអាន ច្បាប់​ការ​ងារ​ដើម្បី​ព័ត៌មាន​បន្ថែម។
  9. បទបញ្ជាផ្ទៃក្នុង – លក្ខខណ្ឌការងារ៖ ជាទូទៅ ក្រុម​ហ៊ុន​ត្រូវ​មាន​ឯកសារនេះ​សំរាប់ទុក​ជូន​ជា​ឯកសារ​យោងសំរាប់​និយោជិក​អាន​មុន។ សូម​រក​មើល​គំរូ​ឯក​សារនេះ​ជា​ជំនួយ។
  10. ​ការសម្ងាត់៖ សូមរៀប​រាប់​ពី​លក្ខខ័ណ្ឌ​នានា​ក្នុង​រក្សា​ព័ត៌មាន​សំងាត់​របស់​ក្រុម​ហ៊ុន និង​បំរាម។
  11. ភាសា៖ ចំនុចនេះ​អាច​ដាក់ឬមិន​ដាក់​អាស្រ័យក្រុមហ៊ុន​នីមួយៗ។ ក្នុង​ករណីដាក់​ចំណុច​នេះ មានន័យថា ឯកសារ​នេះ​ត្រូវ​បាន​ធ្វើ​ជាពីរ​ឬច្រើន​ភាសា​​ ហើយ​ភាសាដែលយក​ផ្លូវ​ការណ៍ត្រូវ​បាន​បញ្ជាក់​ក្នុង​ចំណុច​នេះ។
  12. ច្បាប់និងយុត្តិធម៍៖ សូម​បញ្ជាក់​ពី​ ប្រ​ភព​​ច្បាប់​និង​តុលាការ ដែល​ត្រូវ​យក​មក​ដោះ​ស្រាយ​ក្នុង​ករណីមាន​ជម្លោះកើតឡើង។ ជាទូទៅ ច្បាប់និង​តុលា​ការ​កម្ពុជា ជា​កន្លែង​ដែល​ត្រូវ​យោងនិង​ដោះ​ស្រាយ​ប្រសិនបើ​ភាគីទាំង​ពីរ​ជា​ជនជាតិ​ខ្មែរ ប៉ុន្តែភាគី​ទាំង​ពីរ​អាចជ្រើសរើស​យក​ច្បាប់​និង​តុលាការអន្តរជាតិ​ណា​មួយ​ផ្សេង​បានប្រសិនពួក​មាន​សញ្ជាតិផ្សេងគ្នា និង​ប្រទេស​ផ្សេងគ្នាដោយហេតុផល​យុត្តិធម៌។ យ៉ាងណាក្តីភាគីទាំងពីរ​អាចជ្រើស​រើស​ដោយ​ផ្អែក​លើ​ការ​យល់​ព្រម​រវាង​គ្នា​។

BIC​ TEMPLATE HR – 0003 – កិច្ច​សន្យា​ការងារ