តើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាអ្វី? ហេតុអ្វីវាមានសារៈសំខាន់?

Poster for 3rd TVET Day 2020 in Cambodia

បដាប្រកាសទិវាជាតិ TVET ឆ្នាំ ២០២០ នៅកម្ពុជា

នៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានបង្ហោះលិខិតជាផ្លូវការមួយនៅលើហ្វេសប៊ុក ដើម្បីអបអរសាទរទិវាបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) លើកទី ៣ នាថ្ងៃច័ន្ទកន្លងមកនេះ។ នៅក្នុងលិខិតរបស់សម្តេច លោកបានបញ្ចាក់ថាការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់និងអភិវឌ្ឍធនធានមនុស្សជាមួយនឹងចំណេះ សំណុំជំនាញនិងក្រមសីលធម៍វិជ្ជាជីវៈ។ លោកបានថ្លែងថាជំនាញរបស់ TVET បានរួមចំណែកដល់និរន្តរភាពនៃកំណើនសេដ្ឋកិច្ចនិងនាំមកនូវការងារល្អសម្រាប់ប្រជាជនកម្ពុជា។

តើការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) គឺជាអ្វី? ហេតុអ្វីវាសំខាន់?

អង្គការយូណេស្កូ និង ILO បានកំណត់ TVET ជាដំណើរនៃការអប់រំ បន្ថែមលើការអប់រំទូទៅ ដែលពាក់ព័ន្ធនឹងការសិក្សាបច្ចេកវិទ្យា និងវិទ្យាសាស្ត្រដែលពាក់ព័ន្ធ និងការទទួលបានជំនាញជាក់ស្តែង ឥរិយាបទការងារ ការយល់ដឹង និងចំណេះដឹងទាក់ទងនឹងអ្នកកាន់កាប់ និងធ្វើការងារនៅក្នុងវិស័យផ្សេងៗនៃសេដ្ឋកិច្ចនិងសង្គម។ បន្ថែមលើចំណេះដឹងនិងសមត្ថភាព មានការសង្កត់ធ្ងន់បន្ថែមទៀតលើជំនាញទន់ រួមមានការប្រាស្រ័យទាក់ទង ការចរចារនិងការធ្វើការជាក្រុម។

ពីមុនមក ការងារប្រើ “បញ្ញា” ជារឿយៗត្រូវបានប្រៀបធៀបជាមួយការងារប្រើ“កម្លាំង”។ ដូច្នេះហើយ ក៏មានម្ខាងជាការងារខាង “ការិយាល័យ” និង “ជំនាញ” ហើយនៅម្ខាងទៀតជាការងារអ្នកជូញដូរ អ្នកបច្ចេកទេស។ល។ សង្គមភាគច្រើនមិនសូវឲ្យតម្លៃ និងកាត់បន្ថយការអប់រំនិងរៀនសូត្រខាងបច្ចេកទេស។ ឧទាហរណ៍បើនិស្សិតប្រឈមនឹងការលំបាកក្នុងការសិក្សា ពួកគេភាគច្រើនតែងត្រូវបានបញ្ជូនឱ្យទៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះគឺមិនដូចមុននោះឡើយ។ ជាមួយនឹងបដិវត្តបច្ចេកទេសនិងការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា តម្រូវការទីផ្សារការងារបានវិវត្តយ៉ាងខ្លាំង។ ជំនាញរបស់ TVET បានក្លាយជាគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្ស។ កម្មវត្ថុចំបងនៃ TVET គឺដើម្បីបណ្តុះបណ្តាលយុវជននិងមនុស្សពេញវ័យ ឲ្យត្រៀមខ្លួនសម្រាប់ទីផ្សារការងារ។

ពាក្សស្លោក TVET ធ្វើឲ្យជីវិតប្រសើរ ។ រូបថត៖ TVET-News

ផែនការមេ TVET នៅប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងត្រូវបានបង្កើតឡើងនៅឆមាសទី ២ នៃឆ្នាំ ២០២០។ យោងតាមអត្ថបទកាសែតភ្នំពេញប៉ុស្តិ៍ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តមអ៊ិតសំហេងមានប្រសាសន៍ថា ផែនការមេមួយកំពុងត្រូវបានបង្កើតឡើងសម្រាប់កម្មវិធី TVET ដើម្បីអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀត ដើម្បីប្រឈមនឹងកង្វះបច្ចេកទេសជំនាញក្នុងកម្លាំងពលកម្ម។ លោកបានលើកឡើងពីបញ្ហាកង្វះកម្មករដែលទទួលការបណ្តុះបណ្តាល TVET សម្រាប់ទីផ្សារកម្ពុជាដែលកំពុងរីកដុះដាល។ ផែនការគោលនេះនឹងគ្របដណ្តប់លើការបង្កើតអគារ TVET សិក្ខាសាលា គ្រូបណ្តុះបណ្តាល និងបង្រៀនបច្ចេកទេសថ្មី។

យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ដដែល ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីអនុវត្តការកែទម្រង់និងលើកកម្ពស់កម្មវិធី TVET ដោយធ្វើការវិនិយោគជិត ១៧៥ លានដុល្លារចាប់តាំងពីឆ្នាំ ២០១៤។ ការផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៤ គឺៈ ផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិច។

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះប្រជាជនកម្ពុជាជាង ២០ ម៉ឺននាក់ រួមទាំងសិក្ខាកាម និស្សិត និងកម្មករបានទទួលការបណ្តុះបណ្តាលជំនាញថ្មីៗ។ ពួកគេបន្តស្វែងរកឱកាសការងារល្អ ឬបង្កើតការងារដោយខ្លួនឯងផងដែរ។ បច្ចុប្បន្ននេះមានការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈចំនួន ២៣ គ្រឹះស្ថានដែលទទួលស្គាល់ជាផ្លូវការនៅកម្ពុជា។

* សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដែលមាននៅក្នុងប្រទេសកម្ពុជា សូមតាមដាន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង TVET-News

* សម្រាប់ការអានបន្ថែម សូមពិនិត្យមើលឯកសារយោងខាងក្រោម

https://www.afdb.org/fileadmin/uploads/afdb/Documents/Generic-Documents/005_03_EN_What_is_Technical_and_Vocational_Education_and_Training_(TVET).pdf

https://www.adb.org/publications/cambodia-new-tvet-policy

https://www.phnompenhpost.com/national/hun-sen-tvet-skills-key-human-resource-development

https://www.phnompenhpost.com/national/master-plan-tvet-programmes-prepared