31-03-2022

កិច្ចប្រជុំតម្រង់ទិស សម្រាប់ក្រុមទី ២

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងស្ថាប័នដៃគូអនុវត្តគម្រោង បានរៀបចំ កិច្ចប្រជុំតម្រង់ទិសសម្រាប់ក្រុមទី២ (Orientation Meeting for Cohort 2) គម្រោង កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើអាជីវកម្មបែបឌីជីថល (MSMEs Incubation Programme on Digitalisation) ដល់ម្ចាស់អាជីវកម្មដែលត្រូវបានជ្រើសរើស ចំនួន៥០នាក់ ក្នុងចំណោមបេក្ខជនទាំង១២៩ដែលបានដាក់ពាក្យចូលរួមក្នុងកម្មវិធី។
កិច្ចប្រជុំនេះមានការចូលរួមពីគណៈអធិបតី ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកស្រី អ៊ីវឯក នឹមនួន ជំនួយការតំណាងប្រចាំប្រទេស និងជាប្រធានកម្មវិធី គោលនយោបាយ និងនវានុវត្តន៍ នៃភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី )ប្រចាំកម្ពុជា។
ម្ចាស់អាជីវកម្មដែលបានចូលរួមទាំងអស់ បានយល់ច្បាស់ពីគម្រោងកម្មវិធី និងគោលការណ៍នានា ដែលតម្រូវអោយអ្នកចូលរួមទាំងអស់អនុវត្ត ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពរបស់គម្រោងកម្មវិធី។
“កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនតូច និងមធ្យម លើអាជីវកម្មបែបឌីជីថល” (MSMEs Incubation programme on digitalization) អនុវត្តដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រោមការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រសួងពាណិជ្ជកម្ម (MOC) និងសហគ្រិនខ្មែរ (KE) ក្រោមការអនុវត្តការផ្តួចផ្តើមថ្មីសំខាន់មួយ នៃគម្រោងពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា (Go4eCAM) ជាមួយនឹងការផ្តោតលើជំនាញ និងសហគ្រិនភាព សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (SME eBiZnest) ដែលត្រូវបានផ្តល់ការគាំទ្រហិរញ្ញវត្ថុដោយកម្មវិធី Enhance Integrated Framework (EIF) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។