20-03-2020

ហិរញ្ញប្បទាន​ពិសេស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជាតាម​រយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម

នៅថ្ងៃទី ១៦ខែ មិនា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានប្រារពធ្វើសន្និសិទ្ធសារព័ត៌មានមួយនៅការិយាល័យកណ្តាលរបស់ខ្លួន ក្បែរវត្តបទុមវតីក្នុងរាជធានី ភ្នំពេញ។ សន្នីសិទ្ធសារព័ត៌មាននេះ ស្តីអំពី ការចុះអនុស្សារណៈ របស់ធនាគាអភិវឌ្ឍន៍ជនបទនិងកសិកម្ម ជាមួយនឹង វស័យឯកជនដែលតំណាងដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា និង សមាគមអ្នកវិនិយោគកម្ពុជា ព្រមទាំងការបើកដំណើរការជាផ្លូវការក្នុងការផ្តល់ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងអត្រាការប្រាក់ទាប សំរាប់វិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកកម្ម និងវិស័យកសិកម្ម (លើកលែងវិស័យសិប្បកម្ម សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យស្រូវអង្ករ)។ កម្មវិធីនេះ បានចូលរួមជាកិត្តិយសដោយ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ព្រមទាំងមាន ភាគីវិស័យឯកជនមួយចំនួនទៀតដែលតំណាងដោយ សមាគមអ្នកផលិតចំណីអាហារកម្ពុជា ស៊ីអ៊ីអូម៉ាស្ទឺរក្លឹប និងសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។ល។
ការចុះអនុស្សារណៈ នេះគឺក្នុងគោលបំណង ផ្តល់នូវក្របខណ្ឌសហប្រតិបត្តិការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិក ដើម្បី គំាទ្រទៅដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីពង្រឹងនិងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច បង្កើតការងារថ្មីដល់ប្រជាពលរដ្ឋ ដើម្បីឈានទៅរកភាពរីកចំរើនមួយកម្រិតទៀតសម្រាប់ឆ្នាំ២០២០នេះ។
រាល់សំណើរសុំឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសនេះ សិប្បកម្ម សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម នឹងត្រូវបានវាយតម្លៃដោយផ្អែកលើលក្ខខណ្ឌដែលបានកំណត់ជាអប្បបរមា និងមានលក្ខណៈឆ្លើយតបដូចខាងក្រោមនេះ៖

  1. លក្ខណៈនៃអតិថិជនគោលដៅ
    • ជាសិប្បករ ម្ចាស់សហគ្រាសធុនតូចនិងមធ្យម សហគមន៍កសិកម្ម ដែលស្ថិតក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម
    • ជាសហគមន៍កសិកម្ម ក្រុមអ្នកផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ លើការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម និង
    • ម្ចាស់សហគ្រាសដែលនាំចេញផលិតផលសម្រេច និងពាក់កណ្តាលសម្រេចដែលកែច្នៃពីកសិ-ឧស្សាហកម្ម និងផលិតផលចំណីអាហារមានប្រភពពីផលិតផលកសិកម្ម។
  2. លក្ខខណ្ឌតម្រូវ
    • សហគមន៍កសិកម្ម ក្រុមអ្នកផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ ដែលដាំដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងធ្វើវារីវប្បកម្ម ដែលបានទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ឬស្ថាប័នវិជ្ជជីវៈ
    • គម្រោងពង្រីកអាជីវកម្មដែលអាចបង្កើតការងារថ្មីបន្ថែម ពី ៥ ទៅ៣០ កន្លែងយ៉ាងតិច
    • ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ
    • មានតម្រូវការចាំបាច់នូវឥណទានសម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល និង/ឬទុនវិនិយោគសម្រាប់ពង្រីកអាជីវកម្ម
    • មានបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការប្រកបមុខរបរ អាជីវកម្មយ៉ាងតិច ២ ឆ្នាំ
    • មានមូលធនផ្ទាល់ខ្លួនរួមចំណែកយ៉ាងតិចបំផុត ២០% នៃតម្លៃគម្រោងអាជីវកម្មនិង
    • មានទ្រព្យសម្រាប់ធានាបំណុល និងឥណទានអាចត្រូវបានផ្តល់ជូនរហូតដល់ ៨០% នៃតម្លៃទ្រព្យធានាបំណុលដែលជាអចលនទ្រព្យ ហើយការទទួលយកទ្រព្យធានាបំណុលក៏មានភាពបត់បែនច្រើនដោយទទួលយកឧបករណ៍-គ្រឿងម៉ាស៊ីន សន្និធិ លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេងៗ វិញ្ញាបនបត្រប្រាក់បញ្ញើផងដែរ។

អតិថិជនគោលដៅ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវខាងលើ អាចធ្វើសំណើរលើប្រភេទឥណទាន ពីរប្រភេទដូចខាងក្រោម៖

  1. ឥណទានជាទុនបង្វិល
    • ១.១ គោលដៅប្រើប្រាស់៖ ប្រមូលទិញ និងកែច្នៃនូវផលិតផលកសិកម្ម ដាំដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងធ្វើវារីវប្បកម្ម
    • ១.២ ទំហំឥណទាន៖ ១០.០០០ ដល់ ២០០.០០០ ដុល្លាអាមេរិក ឬមិនលើសពី ៤ដងនៃដើមទុនរបស់ភាគីសុំខ្ចី
    • ១.៣ រយៈពេល៖ តិចជាងឬស្មើ ២ឆ្នាំ
    • ១.៤ អត្រាការប្រាក់ប្រចាំឆ្នាំ៖ ៦% ជាប្រាក់ដុល្លាអាមេរិក និង ៧%ជាប្រាក់រៀល
    • ១.៥ សោហ៊ុយទម្រង់ការ៖ ១% នៃទំហំឥណទានដែលបានអនុម័ត
    • ១.៦ ទម្រង់នៃការសង៖ ការប្រាក់ទូទាត់ប្រចាំខែ ហើយប្រាក់ដើមត្រូវទូទាត់នៅចុងកាលកំណត់ ឬសងរំលស់ដោយផ្អែកលើចលនាសាច់ប្រាក់។
  2. ឥណទានជាទុនវិនិយោគ
    • ២.១ គោលដៅប្រើប្រាស់៖ ទិញឧបករណ៍បរិក្ខា គ្រឿងចក្រ ការសាង់សង់រោងចក្រ រោងឬអាគារផលិតកម្មដែលពាក់ព័ន្ធនឹងការផលិត ឬការកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម វារីប្បកម្ម និងផលិតផលចំណីអាហារ ទិញបច្ចេកវិទ្យាកសិកម្ម
    • ២.២ ទំហំឥណទាន៖ ១០.០០០ ដល់ ៣០០.០០០ ដុល្លាអាមេរិក ឬមិនលើសពី ៤ដងនៃដើមទុនរបស់ភាគីសុំខ្ចី
    • ២.៣ រយៈពេល៖ តិចជាងឬស្មើ ៥ឆ្នាំ
    • ២.៤ អត្រាការប្រាក់ប្រចាំឆ្នាំ៖ ៦,៥% ជាប្រាក់ដុល្លាអាមេរិក និង ៧,៥%ជាប្រាក់រៀល
    • ២.៥ សោហ៊ុយទម្រង់ការ៖ ១% នៃទំហំឥណទានដែលបានអនុម័ត
    • ២.៦ ទម្រង់នៃការសង៖ ការប្រាក់ទូទាត់ប្រចាំខែ ហើយអាចមាន ឬមិនមានរយៈពេលអនុគ្រោះលើការសងរំលស់ប្រាក់ដើមនាឆ្នាំដំបូង អាស្រ័យលើលំហូរសាច់ប្រាក់របស់អតិថិជន។ ប្រាក់ដើមទូទាត់ប្រចាំខែ ឆមាស ឬឆ្នាំ ឬរំលស់ដោយផ្អែកលើចលនាសាច់ប្រាក់។

ហិរញ្ញប្បទានខាងលើនេះ មានលក្ខណៈពិសេស និងភាពទន់ភ្លន់ ប្រកបដោយការយោគយល់មួយចំពោះអតិថិជនគោលដៅ។ សូមគួសបញ្ជាក់ដែលថា ផ្អែកតាមចេតនាគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើវិស័យឯកជន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម អាចនឹងពិចារណាសិក្សាទៅលើប្រភេទឯកសារដែលតំរូវក្នុងការដាក់សំណើរតាមករណីពិសេសដាច់ដោយឡែកនីមួយៗប្រសិនបើអតិថិជនស្ថិតក្នុងវិស័យអទិភាពបន្ទាប់ពីបានសិក្សា។ ចំពោះអង្គភាពដែលតំណាងអោយវិស័យឯកជន ក្នុងការចុះអនុសារណៈ រួមមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា និង សមាគមអ្នកវិនិយោគកម្ពុជានឹងដើរតួរជា អ្នកជួយប្រឹក្សាយោបល់ទៅលើប្រភេទឯកសារនិងការត្រៀមខ្លួនក្នុងការធ្វើសំណើរសុំហិរញ្ញប្បទាន និងពិគ្រោះអំពីផែនការប្រើប្រាស់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព ក្នុងដំណើរការសុំហិរញ្ញប្បទាននេះ៕

ព័ត៌មានបន្ថែមចំពោះហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ សូមទាក់ទងតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មដូចខាងក្រោម៖

  • អាស័យដ្ឋាន៖ ផ្ទះលេខ ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
  • លេខទូរស័ព្ទ៖ ០៧៧ ៧៥៩១៥៩ / ០១២ ៨៨១ ៩៦៩ / ០២៣ ២២០ ៨១០
  • Fax: 855 023 224 628
  • អ៊ីមែល៖ [email protected]
  • ទំព័រហ្វេសបុកផ្លូវការ៖ https://www.facebook.com/Agricultural-and-Rural-Development-Bank-of-Cambodia-757960634247606/
  • គេហទំព័រ៖ http://www.rdb.com.kh/

ប្រភពព័ត៌មានពី ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម