កិច្ចពិភាក្សាក្រុមបច្ចេកទេសនៃយន្តការភាពជាដៃគូរគយ-ផ្នែកឯកជន
រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ (អគរ) ដែលដឹកនាំដោយ លោកឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគរ ជាមួយនឹងក្រុមការងារបច្ចេកទេសនៃសភាពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយសហប្រធាន លោកឧកញ៉ា គួច ផេង និងលោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្ម និងជា ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងក្រុមហ៊ុន ប៊ីហ្សអិនហ្វូ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងការិយាល័យអគ្គនាយកដ្ឋានគយនិងរដ្ឋា។ កិច្ចពិភាក្សាផ្តោតលើរបៀបវារៈដូចខាងក្រោម :
១. ការបំពេញបែបបទគយមុនទំនិញមកដល់ (Pre-arrival Clearance) និងទំនើបកម្មប្រព័ន្ធអាស៊ីគូដារបស់គយ
២. ការប្រកួតប្រជែងភាពមិនស្មើភាព រវាងការនាំទំនិញចូលដោយបង់ពន្ធ និងទំនិញគេចពន្ធ
៣. HS Code ប្រទេសដើមដែល អគរ មិនព្រមទទួលស្គាល់
៤. ស្នើសុំអោយមានវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធសុខដុមនីយកម្ម (HS Code)
៥. សំណើរសុំវឌ្ឍនភាពលើសំណើររបស់ក្រុមហ៊ុន DHL ស្តីពីសាមញ្ញកម្មនីតិវិធីគយសំរាប់ កញ្ចប់បញ្ញើឆាប់រហ័សអន្តរជាតិ (ផ្ញើជូន អគរ ក្នុងខែមេសា ឆ្នាំ២០១៩)
៦. ការអនុវត្តប្រកាស ១៦០៨ ស្តីពីកម្រៃផ្លូវការគយ
៧. អាជ្ញាប័ណ្ណនាំចូលពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់ចំពោះ ផលិតផលឱសថ (បង់ពន្ធ០%) និងអាហារបំប៉ន (បង់ពន្ធតាមជាក់ស្តែង)
៨. លិខិតអនុញ្ញាតិនាំចូល (Permit) ដែលតំរូវអោយក្រុមហ៊ុនយក លិខិតអនុញ្ញាតិនាំចូលនោះទៅចារលេខពីរដង (លើកទី១ នៅមាត់ច្រកក្អមស្រណ និងលើកទី២ សាខាគយខេត្តកណ្តាល) ដែលជាមូលហេតុនាំអោយចំណាយពេលយូរ។
កិច្ចពិភាក្សាបានដំណើរការទៅដោយរលូននិងប្រកបដោយការយោគយល់និងអនុគ្រោះ។ ចំណុចភាគច្រើនត្រូវបានការគាំទ្រដោយ អគរ ហើយមួយចំនួនទៀតនឹងត្រូវពេលវេលាបន្ថែមដើម្បីសិក្សាជាមួយភាគីដែលពាក់ព័ន្ធនានា។ អគរ នឹងគ្រោងរៀបកិច្ចពិភាក្សានិងផ្តល់ដំណោះចំពោះបញ្ហាជាប់គាំងក្នុងកំឡុងពេលខែកុម្ភៈឆ្នាំ២០២០ យ៉ាងយូរ។ ចំពោះចម្លើយនិងដំណោះស្រាយដែល អគរ អាចផ្តល់ក្នុងកំឡុងនៃកិច្ចពិភាក្សានោះរួមមាន៖
ចំណុចទី៤ ៖ អគរ ឯកភាពនិងយល់ព្រមចំពោះសំណើរសុំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធ សុខដុមរនីយកម្ម (HS Code) ព្រមទាំងវគ្គសំខាន់នានាបន្ថែមទៀត ដល់វិស័យឯកជន។
ចំណុចទី៦ ៖ យល់ព្រមនិងគាំទ្រពេញទំហឹងជាពិសេសចំពោះក្រុមហ៊ុនទាំង ១១០ (Best Traders) ដែលកំពុងជួបបញ្ហាក្នុងការអនុវត្តកម្រៃសេវាផ្លូវការគយ។
ចំណុចទី៧ ៖ អាជ្ញាប័ណ្ណនាំចូលសំរាប់ក្រុមហ៊ុនដែលបានចុះបញ្ជីការឱសថរួចហើយក្នុងក្រសួងសុខាភិបាល ហើយដែលត្រូវបង់ពន្ធ ០% ប៉ុន្តែជាក់ស្តែង គយចាត់ទុកត្រឹមអាហារបំប៉ន ដែលតំរូវអោយបង់ពន្ធតាមជាក់ស្តែង។ ចំណុចនេះ ក្រុមពិភាក្សាយល់ព្រមមានកិច្ចប្រជុំម្តងទៀតដែលមានភាគីមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលចូលរួមដើម្បីយល់ច្បាស់បន្ថែមនិងដោះស្រាយ។
ចំណុចទី៨ ៖ អគរ បានបញ្ជាក់ថា ប្រសិនបើទំនិញក្រុមហ៊ុននាំចូល បាននាំចូលតាមច្រកផ្សេងគ្នា នោះ ការផ្ទៀងផ្ទាត់ក៏តំរូវអោយមានការត្រួតពិនិត្យពីរដងឬផ្សេងគ្នាហើយ។ ប៉ុន្តែ ប្រសិនបើទំនិញត្រូវបាននាំចូលតាមរយៈច្រកតែមួយនោះ ការត្រួតពិនិត្យគួរអាចធ្វើត្រឹម១ដង។ យ៉ាងណាមិញ ចំណុចនឹងត្រូវជជែកលើករណីជាក់ស្តែងមួយចំនួនបន្ថែមទៀត។